តើពាក្យ «សិទ្ធិ» មានន័យដូចម្ដេច ?
សិទ្ធិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន ( ម. ព. សិទ្ធ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។ សិទ្ធិការក (–រ៉ៈកៈ ឬ –រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ ( បើស្រ្តីជា សិទ្ធិការិកា ) ។ សិទ្ធការ្យ ( –កា ) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្ដើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា ។
ឧទាហរណ៍៖ សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីតទៅនេះ…។
សិទ្ធិក្សេត្រ ឬ –ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។ សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។ សិទ្ធិជ័យ ជម្នះដាច់ស្រេច ។ សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។ សិទ្ធិតេជ ឬ –តេជះ តេជះនៃសិទ្ធិ ។ សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ ( បើស្ត្រីជា សិទ្ធិទស្សិនី ) ។ សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។ សិទ្ធិមគ្គ ឬ –មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។ សិទ្ធិមន្ដ ឬ– មន្ដ្រ មន្ដស័ក្ដិសិទ្ធិ ( ប្រើជា សិទ្ធមន្ដ ឬ – មន្ដ្រ ក៏បាន ) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។ សិទ្ធិសួស្ដិ៍ ( –សួស ) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណប្រើពាក្យនេះជាការផ្ដើមនៃមន្ដអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្ដិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិស ទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្ដគាថាចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង…។ សិទ្ធីស្វរៈ ( សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ ( ព្រះឥសូរ ) ។ ល ។
ដំណើរអាចធ្វើអ្វីមួយបាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.