Dictionary

តើពាក្យ «សហ» មានន័យដូចម្ដេច ?


សហ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) មួយអន្លើ, ព្រម, ព្រមដោយ, ព្រមទាំង, ជាមួយ, ជាមួយគ្នា, ជាមួយនឹង, រួមគ្នា, រួមជាមួយ, ដំណាលគ្នា ។ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប : សហកម្ម ការងារដែលរួមគ្នាធ្វើ, ដំណើររួមគំនិតគ្នាធ្វើការ ។សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុន ឬអង្គការដែលប្រមូលផ្ដុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ ( ពុំមែនជាជំនួញទេ ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។ សហការី អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម : នាយការិយាល័យ និង លេខាធិការ ជាសហការីនៃនាយកក្រសួង; លោករដ្ឋមន្ត្រីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតី ក្នុងពិធីបុណ្យនោះដែរ; ព្រះបាឡាត់គណ, ព្រះវិន័យធរគណ, ព្រះធម្មធរគណ, ព្រះសមុហ៍គណនិងលេខាធិការគណ ជាសហការីនៃព្រះមេគណ, ព្រះមេគណគ្រប់ខែត្រ អាចមានឋានានុក្រមទីព្រះគ្រូជាសហការីផងដែរក៏បាន ។ ( ឥត្ថី. សហការិនី ) ។ សហកីឡា ការលេងជាមួយគ្នា, ការរួមល្បែងជាមួយ ។ សហគមន៍ (–គំ–) ការទៅជាមួយ, ដំណើរជាមួយគ្នា ។ ប្រជុំភូមិឬតំបន់អ្នកស្រុកប្រកបមុខរបរចូលគ្នា,… : បង្កើតឲ្យមានសហគមន៍ ។ សហគមនាគមន៍( –គៈមៈនាគំ ) ការទៅមកជាមួយ ។ សហគាមី អ្នកដែលទៅជាមួយ ( បើស្ត្រីជា សហគាមិនី ) ។ សហគ្រាស គ្រឹះស្ថានឬអង្គការជារបស់រាជការឬរបស់ឯកជន សម្រាប់ទទួលធ្វើការធំៗ ដូចជាស្ថាបនាស្ពាន, ថ្នល់ជាដើម : សហគ្រាសទទួលធ្វើស្ពាន, ប្រគល់មុខសំណង់នោះទៅឲ្យសហគ្រាស ។ សហគ្រិន ម្ចាស់សហគ្រាស, ជនអ្នកកាន់កាប់សហគ្រាស ។ សហចរ អ្នកដើរជាមួយ, អ្នកដែលជាគ្នាក្នុងការដើរផ្លូវ ( បើស្ត្រីជា សហចារិកា ) ។ សហចារី អ្នកប្រព្រឹត្តធម៌ឬច្បាប់ជាមួយ, អ្នកមានការប្រព្រឹត្តត្រូវគ្នា (បើស្ត្រីជា សហចារិនី) ។ សហជៈ ដែលកើតនៅពេលជាមួយគ្នាឬដំណាលគ្នា; អ្នកកើតរួមផ្ទៃជាមួយ (បងប្អូនបង្កើត បើស្ត្រីជា សហជា) ។ សហជាត អ្នកដែលកើតក្នុង ថ្ងៃខែឆ្នាំដំណាលគ្នា ( បើស្រ្តីជា សហជាតា ) ។ សហជីវិន ឬ សហជីវី អ្នកដែលមានអាយុស្របគ្នា, គូកន; ជនអ្នកចូលសមាគមជាមួយគ្នា ( បើស្ត្រីជា សហជីវិនី ) ។ សហធម្មចារី អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកកាន់ច្បាប់ត្រូវគ្នា (សហចារី); បើស្រ្តីជា សហធម្មចារិនី ។ សហធម្មិក អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកប្រព្រឹត្តធម៌ត្រូវគ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួកនេះ ហៅ សហធម្មិក ឬ សហធម្មិកា, ប៉ុន្តែក្នុងសម័យឥឡូវនៅមានតែភិក្ខុនិងសាមណេរ ( ព. ពុ. ) ។ សហធម៌ ធម៌ឬច្បាប់សម្រាប់កាន់ត្រូវគ្នា ។ សហបាន ការផឹកជាមួយគ្នា ។ សហបាលន៍ ឬ –បាលី ( –បាល ឬ –ប៉ាល៉ី ) ការរួមរក្សា, ការគ្រប់គ្រងរួមគ្នា ។ សហបាលីប្រទេស ឬ –រដ្ឋ ប្រទេសឬដែនផ្សេងៗគ្នា ដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា ។ សហបុត្ត ឬ –បុត្រ ព្រមទាំងកូន, ជាមួយនឹងកូន ( ព. កា. ) : បិតាសហបុត្រ ចិត្តបរិសុទ្ធទាំងពីរនាក់ កាន់សីលប្រាំជៀងជាក់ ឥតរអាក់រអួលឡើយ ។ សហប្បវេណី ឬ –ប្រពៃណី បវេណីជាមួយគ្នា, ទំនៀមទម្លាប់ត្រូវគ្នា; ស្រុកឬប្រទេសដែលមានទំនៀមទម្លាប់ត្រូវគ្នា ។ សហប្រតិបត្តិការ ការបំពេញកិច្ចការរួមគ្នា, ការពួតដៃគ្នាយ៉ាងជិតស្និទ្ធជួយធ្វើកិច្ចការណាមួយ : ធ្វើសហប្រតិបត្តិការ ។ សហពន្ធន៍ ឬ –ព័ន្ធន៍ ( –ពន់ ឬ –ពាន់ ) ការចងភ្ជាប់ជាមួយគ្នា ។ សហពន្ធុ ( –ព័ន-ធុ ) ព្រមទាំងផៅពង្ស; ផៅពង្សជាមួយគ្នា ។ សហភាព ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្ដុំជាមួយគ្នា ។ សហភោជ ការបរិភោគជាមួយគ្នា ។ សហវាស ការនៅជាមួយ, ការនៅផ្ទះឬភូមិជាមួយ ។ សហវាសី អ្នកដែលនៅជាមួយ, អ្នកនៅផ្ទះឬភូមិជាមួយ ( បើស្រ្តីជា សហវាសិនី ) ។ សហសយ្យា ឬ –សេយ្យា (–សៃយ៉ា) ការដេកជាមួយ ។ សហហាសនៈ (–សៈន៉ៈ) ការសើចសប្បាយជាមួយគ្នា ។ សហាលាប (–ល៉ាប; សំ. បា. < សហ + អាលាប ” ការចរចា ” ) ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ។ សហោទរ ( សំ. បា. < សហ + ឧទរ ” ផ្ទៃ ” ) បង-ប្អូនរួមឧទរជាមួយ, បងឬប្អូនរួមមាតាមួយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


What is dictionary ? dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.

Leave a Reply

Share